ដំណោះស្រាយបញ្ហាដែលជួបប្រទះញឹកញាប់នៅនឹងពោះ

បញ្ហារំលាយអាហារបានបង្កជាអាការៈមិនប្រក្រតីនៅនឹងពោះដែលកើតឡើងជាញឹកញាប់ចំពោះមនុស្សជាច្រើន និងផ្តល់ការរំខានទាំងស្រាល និងធ្ងន់ធ្ងរ។ មានការលើកឡើងមួយបង្ហាញថាបញ្ហាទាំងនេះងាយនឹងកើតចំពោះស្ត្រីច្រើនជាងបុរសដោយសារតែពួកគេងាយនឹងមានប្រតិកម្មចំពោះចំណីអាហារជាងបុរស ដោយសារដំណើរឡើងចុះរបស់អ័រម៉ូននៅក្នុងខ្លួនមនុស្សស្រី។

Post by admin

16:26 - 27/12/2017

Comment

យ៉ាងណាមិញ លោក Ron Palmon ដែលជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រ និងជំងឺក្រពះពោះវៀននៅ Mount Sinai Medical Center ឯទីក្រុងញូវយ៉ក មានប្រសាសន៍ថា «វាជាដំណឹងល្អមួយដោយហេតុថាក្រពះជាបញ្ហាមួយទូទៅដែលអាចនឹងកើតមានចំពោះមនុស្សគ្រប់តំបន់ ហេតុនេះហើយព័ត៌មាន ទាក់ទិននឹងបញ្ហានេះក៏មានច្រើនផងដែរ» ។ ដើម្បីជួយដល់សាធារណជនដែលជួបប្រទះនឹងបញ្ហាទាំងនោះ ហេលស៍ថាមសូមនាំមកជូនលោកអ្នកនូវវិធី បង្ការនិងវិធីព្យាបាលដែលសុទ្ធតែបានឆ្លងកាត់ការសាកល្បង និងទទួលស្គាល់ថាមានប្រសិទ្ធភាពដែលលោកអ្នកអាចនឹងអនុវត្តបានដូចខាងក្រោម។

បញ្ហាទល់លាមក

វិធីបង្ការ៖ 
អ្នកគួរទទួលទានអាហារដែលមានជាតិសរសៃ និងម៉ាញេស្យូម ព្រោះវាបង្កើននូវបរិមាណអាហារនៅក្នុងពោះវៀនដែលអាចឲ្យលាមកចេញមក យ៉ាងងាយស្រួល។ លោកវេជ្ជបណ្ឌិត Gerard E. Mulllin នៃសាកលវិទ្យាល័យសុខាភិបាល Johns Hopkins បានលើកឡើងថា «ម៉ាញេស្យូមជា ឱសថធម្មជាតិជួយបន្ធូរសាច់ដុំដែលសម្រួលដល់ការធ្វើចលនា និងការស្រូបយកជាតិទឹកហើយក៏ជួយឲ្យលាមកមានជាតិទឹក»។ ប្រភពនៃសារធាតុ ទាំងនេះមាននៅក្នុង ស្ពីណាច់ (ផ្ទី) ពពួកល្ពៅ ផ្កាស្ពៃបៃតង ពពួកជី និងគ្រាប់អាល់ម៉ុនជាដើម។លោកក៏បានណែនាំឲ្យទទួលទានអាហារបំប៉នផងដែរ ជាពិសេសមុននឹងធ្វើដំណើរតាមរថយន្ត ឬយន្តហោះជាដើម។ ការធ្វើដំណើរអាចបង្កឲ្យមានបញ្ហាទល់លាមកដោយសារតែអ្នកទទួលទានទឹក និងធ្វើ
ចលនាចុះឡើងតិចជាងប្រក្រតី។ បន្ថែមពីលើនេះផងដែរ ការប៉ះទៅនឹងទម្រង់ជាច្រើននៃបាក់តេរីនៅក្នុងទឹក និងអាហារ ក៏ធ្វើឲ្យបញ្ហានេះកាន់តែ ធ្ងន់ធ្ងរផងដែរ។
 
វិធីព្យាបាល៖
អ្នកអាចប្រើថ្នាំបញ្ចុះតែក្នុងករណីចាំបាច់ប៉ុណ្ណោះ (ករណីដែលអ្នកទល់លាមករយៈពេល៣ថ្ងៃ ឬលើសពីនេះ)។ លោក Palmon ក៏បានថ្លែងទាក់ទិននឹង បញ្ហានេះផងដែរថា «ដោយសារតែវាប៉ះទង្គិចដល់ចង្វាក់នៅក្នុងសារពាង្គកាយ ដូច្នេះហើយអ្នកគួរប្រើប្រាស់វាតែម្តងបានហើយមិនអញ្ចឹងទេ លោកអ្នក នឹងត្រូវប្រឈមនឹងបញ្ហានេះជាអចិន្ត្រៃយ៍មិនខាន»។ លោកក៏បានណែនាំឲ្យប្រើប្រាស់ថ្នាំបញ្ចុះដូចជា MiraLAX ដែលមានកម្រិតស្រាល និងមិនមាន រសជាតិ។ វានឹងសម្រួលដល់ពោះវៀន និងធ្វើឲ្យសារធាតុផ្សេងៗហូរបានយ៉ាងស្រួល។ អ្នកក៏អាចប្រើប្រាស់ Mineral Oil ឬ Flaxseed oil (សម្បូរដោយ ជាតិសរសៃ) ដែលជាឱសថធម្មជាតិដ៏សក្តិសិទ្ធិដែលជួយសម្រួលដល់ពោះវៀន។ ទទួលទាន ១ ទៅ ២ ស្លាបព្រាបាយមុនពេលចូលគេងពេលក្រពះទទេ ដើម្បីចៀសវាងការប៉ះពាល់ជាមួយនឹងអាហារ ឬឱសថផ្សេងទៀត។ បន្ទាប់ពីនោះអ្នក គួរទទួលទានទឹក ឬទឹកផ្លែឈើមួយកែវពីក្រោយ។

ជម្រើសផ្សេងៗ៖
ការទទួលទានទឹកតែ Dandelion (ដែលអាចរកជាវបាននៅហាងលក់ទំនិញសុខភាព) ដើម្បីជួយសម្រួលដល់ដំណើររំលាយអាហារ និងសម្រាលដល់អាការៈទល់លាមក ឬ អ្នកអាចទទួលទានទឹកបន្ទាលកន្ទុយក្រពើ (វាមានរសជាតិផ្សេងៗពីគ្នា)​ ព្រោះវាជួយបន្ថយកម្រិតជាតិអាស៊ីត នៅក្នុងក្រពះ និងជាឱសថធម្មជាតិមួយទៀតដែលជួយបង្កើនល្បឿនមុខងារនៃពោះវៀន។ ការម៉ាស្សាលើក្បាលពោះ (ជាពិសេសពីលើចុះក្រោម) រយៈពេលពី ២ ទៅ ៣នាទីក៏ចូលរួមចំណែកដោះស្រាយបញ្ហានេះផងដែរ។ អ្នកក៏អាចធ្វើការរឹតផ្នែកខាងៗនៃជើងរបស់អ្នក ដែលចលនានេះជួយដល់ចំណុច នៅក្នុងប្រព័ន្ធទឹករងៃដែលពាក់ព័ន្ធទៅនឹងចលនានៃពោះវៀនធំ។

រាគ

វិធីបង្ការ ៖
ទទួលទានអាហារដែលមិនមានជាតិស្ករក្នុងបរិមាណតិច។ ស្ករគ្រាប់ ឬផលិតផលដែលមានជាតិផ្អែមជាពិសេស Mannitol និង Sorbitol មានឥទ្ធិពល ជាថ្នាំបញ្ចុះពេលដែលត្រូវបានទទួលទានក្នុងបរិមាណច្រើន។ ចៀសវាងជាតិកាហ្វេអ៊ីន និងកាត់បន្ថយស្រ្តេសក៏មានចំណែកផងដែរ ដោយសារតែវាជួយ​ សម្រួលដល់ពោះវៀននិងដំណើរនៃការរំលាយអាហារ។
 
វិធីព្យាបាល ៖
ទទួលទានចេក បាយ ផ្លែប៉ោម ដែលគេយកមកស្ងោរ ហើយកិនឲ្យម៉ត់ដូចបបរ និងនំប៉័ងអាំងដែលសុទ្ធតែជាប្រភេទអាហារដែលងាយរំលាយ។ អ្នក ក៏អាចប្រើប្រាស់ឱសថដែលអាចទិញបានដោយមិនត្រូវការវេជ្ជបញ្ជា ដូចជា lmodium (lopearamide) ដែលបន្ថយល្បឿនកន្រ្តាក់នៃពោះវៀន ឬ Pepto-Bismol ដែលគ្របដណ្តប់ក្រពះ និងការពារវាពីប្រការរំខានផ្សេងៗ។

ជម្រើសផ្សេង ៖

សាកល្បងប្រើប្រាស់អាហារបំប៉ន Melatonin ដែលជាថ្នាំដ៏មានប្រសិទ្ធភាពក្នុងការជួយឲ្យគេងលក់ ហើយវាក៏ជួយសម្រួលដល់អាការៈរាគផង
ដែរ នេះប្រហែលមកពីវាធ្វើឲ្យក្រពះស្ងប់ ហើយរៀបចំប្រព័ន្ធនៅក្នុងរាងកាយត្រៀមរួចរាល់សម្រាប់ទទួលទានដំណេក។ ទឹកតែ ឬស្រាក្រហមក្នុង បរិមាណ ១ ទៅ ២ កែវក៏អាចជួយផងដែរ ដោយសារតែជាតិ Tannins និង​ flavonoids ដែលមាននៅក្នុងភេសជ្ជៈទាំងពីរមុខនេះជួយបន្ថយល្បឿនប្រតិកម្ម នៃពោះវៀន និងតតាំងប្រឆាំងនឹងពពួកមីក្រុបដែលបង្កជាជំងឺរាគផងដែរ។ អ្នកក៏គួរទទួលទានទឹកឲ្យបានច្រើន ប៉ុន្តែអ្នកគួរចៀសវាងភេសជ្ជៈដែលមាន ជាតិផ្អែមដោយសារតែពេលដែលសារពាង្គកាយយើងស្រូបយកជាតិស្ករនោះវានឹងធ្វើឲ្យក្រពះរបស់យើងបញ្ចេញទឹកច្រើនជាងពេលដែលទទួលទានអាហារផ្សេង នេះបើយោងតាមប្រសាសន៍របស់លោក Ashley Koff។ ជម្រើសដែលល្អបំផុត គឺទឹកបរិសុទ្ធ ទឹកដូង ឬទឹកតែ ដែលសុទ្ធតែជាប្រភពនៃ អេឡិចត្រូលីត។

អាការៈរកកលចង់ក្អួត

វិធីបង្ការ ៖
ប្រសិនបើអ្នកងាយនឹងធីងធោង ឬពុលដោយសារមធ្យោបាយធ្វើដំណើរនោះ អ្នកអាចទទួលទាន Dramamine ឬ Benadryl មុននឹងធ្វើដំណើរ ដោយសារតែ វាអាចប្រឆាំងនឹងសារធាតុដែលបង្កឲ្យមានប្រតិកម្មក្នុងសារពាង្គកាយ និងធ្វើឲ្យខួរក្បាលរបស់អ្នកផ្លាស់ប្តូរផ្នត់គំនិតទៅលើការផ្លាស់ទី។ អ្នកគួរទទួលទានអាហារដែលត្រជាក់ ព្រោះកម្តៅអាចនឹងធ្វើឲ្យអាហារមានក្លិនឈួល។ រសជាតិអាហារដែលនៅជាប់យូរនឹងធ្វើឲ្យក្រពះរបស់អ្នកពិបាក ក្នុងការទប់ស្កាត់អាការៈនេះ ដូច្នេះហើយអ្នកគួរធ្វើការទទួលទានទឹក ឬសម្អាតមាត់ធ្មេញក្រោយពេលទទួលទានអាហារហើយ។ ការ៉េមដែលធ្វើពីការដាក់ ផ្លែឈើឲ្យកកក៏ជាជម្រើសមួយ ដ៏ល្អផងដែរព្រោះជាតិកាបូអ៊ីដ្រាតងាយនឹងរំលាយហើយសារធាតុរាវដែលត្រជាក់ក៏ធ្វើឲ្យដំណើរធ្លាក់ចុះមកក្រោមរលូន ផងដែរ។
 
វិធីព្យាបាល៖
ព្យាយាមរកអាហារ និងភេសជ្ជៈសម្រាប់ទទួលទានព្រោះថាក្រពះទទេដែលមិនមានអ្វីសោះសម្រាប់ស្រូបយកទឹកអាស៊ីតបណ្តាលឲ្យអាការៈកាន់តែធ្ងន់ធ្ងរ។ ព្យាយាមទទួលទានអាហារតិចតួចរៀងរាល់ ២ ទៅ ៣ ម៉ោងម្តង ហើយគួរទុកនំកញ្ចប់ ឬចំណីខ្លះនៅក្បែរក្បាលដំណេកក្នុងករណីដែលអ្នកឃ្លានពាក់កណ្តាល ឬពេលព្រឹកព្រលឹម។
   
ជម្រើសផ្សេងៗ៖
សាកទទួលទានខ្ញី ជីអង្កាម ឬអាហារផ្សេងៗដែលមានជាតិជូរ។ ការស្រាវជ្រាវបានបង្ហាញថា ខ្ញី និងជីអង្កាមមានប្រសិទ្ធភាពជាមួយនឹងអាការៈ រកកលចង់ក្អួត ដោយសារការប្រើថ្នាំគីមី និងការមានផ្ទៃពោះ។ ការចាប់ជីពចរក៏មានចំណែកក្នុងការបញ្ឈប់បញ្ហានេះផងដែរ។ លោកវេជ្ជបណ្ឌិត Mullin ក៏បានលើកឡើងថា «យើងមានភស្តុតាងដែលគួរឲ្យទុកចិត្តបានដែលបញ្ជាក់ថា វាពិតជាមានប្រសិទ្ធភាពមែន។ លោកក៏បានណែនាំអំពីទីតាំង៣សំខាន់ ដែលក្នុងនោះមាន៖ មួយនៅកំភួនដៃ (ប្រហែល ២អ៊ីងពីផ្នត់ដៃមកកាន់ដើមដៃ) មួយទៀតនៅចន្លោះមេដៃ និងដៃចង្អុល (នៅខាងខ្នងដៃ) និងមួយទៀត នៅចន្លោះសរសៃពួរសាច់ដុំនៃម្រាមជើងទីពីរ និងទីបី។ ចំណាយពេលប្រមាណពី ៣ ទៅ ៥នាទីសម្រាប់ទីតាំងនីមួយៗ។

ក្រហាយទ្រូង

វិធីបង្ការ ៖ 
ផ្លាស់ប្តូរទម្លាប់នៃការទទួលទានអាហាររបស់អ្នកប្រសិនបើធ្លាប់ទទួលទានអាហារតែ ៣ពេលហើយច្រើនៗ អ្នកអាចរំលែកវាជា ៥ពេលតូចៗវិញ ដើម្បី ចៀសវាងការដាក់សម្ពាធច្រើនជ្រុលទៅលើក្រពះដែលអាចនឹងរុញច្រានអាស៊ីតឡើងទៅលើបំពង់អាហារ។ ប្រសិនបើអ្នកកើតមានអាការៈបែបនេះ ញឹកញាប់ អ្នកក៏គួរចៀសវាងជីអង្កាម សូកូឡា ជាតិកាហ្វេអ៊ីន និងជាតិអាល់កុល។ ម្យ៉ាងអ្នកក៏គួរចៀសវាងប្រភេទអាហារដែលចម្អិនដោយប្រើកម្តៅខ្លាំង ហើយប្រើប្រាស់ប័រ និងសាច់ច្រើន ព្រោះអាហារប្រភេទទាំងនេះត្រូវការពេលវេលាច្រើនក្នុងការរំលាយហើយក៏អាចបង្កការរំខានដល់ស្រទាប់ខាងក្នុងរបស់ ក្រពះផងដែរ។ គ្រឿងផ្សំដែលមិនបង្កឲ្យមានអាការៈនេះរួមមាន ពពួកជី រមៀត ផ្កាច័ន្ទ ក្រវាញ ជាដើម។

វិធីព្យាបាល ៖
ទទួលទានឱសថប្រភេទ Antacid (ថ្នាំដែលគ្រប់គ្រងជាតិអាស៊ីតនៅក្នុងក្រពះ) សម្រាប់ប្រភេទជាអង្គធាតុរាវ (Mylanta, Maalox) ដែលបំបែក ជាតិអាស៊ីតបានលឿនជាង ប៉ុន្តែប្រភេទដែលអាចទំពារបាន (Tums) មានប្រសិទ្ធភាពបានយូរជាង។ មនុស្សភាគច្រើននិយមប្រើប្រាស់ AlkaSeltzer តែវាមិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានដំបៅ ឬដុំមហារីកនិងអ្នកដែលកំពុងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដោយសារតែវាមានផ្ទុកអាស្ពីរីន។ ក្នុងករណីដែលអ្នកកើតមានបញ្ហានេះ ជាញឹកញាប់ ឬធ្ងន់ធ្ងរនោះអ្នកគួរសាកល្បងប្រើថ្នាំដែលបង្ខាំងវត្ថុក្នុងខ្លួនដែលបង្កឲ្យមានប្រតិកម្ម (ដូចជា Pepcid AC) ដែលជួយកាត់បន្ថយទឹកអាស៊ីតក្រពះដោយការបំបាត់សារធាតុដែលផ្តល់សញ្ញាអំពីប្រតិកម្មនោះ។

ជម្រើសផ្សេងៗ ៖
Licorice ជាប្រភេទឱសថដែលពេញនិយមកាលពីសម័យមុនហើយការសិក្សានាពេលថ្មីៗនេះក៏បានបង្ហាញដែរថាវាប្រឆាំងនឹងការរលាកដែលជួយពង្រីក ដល់ប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកសាកល្បងវា អ្នកត្រូវប្រើប្រាស់ថ្នំាំគ្រាប់ DGL។ វាមិនផ្ទុកនូវសារធាតុផ្សំដែលបង្កើនបរិមាណទឹក និងសម្ពាធឈាម ឡើយ។ បន្ថែមពីលើនេះផងដែរទាំង ឬសផ្កាត្របែកព្រៃម្យ៉ាងដែលមានឈ្មោះថា Marshmallow និង elm ក៏ជាឱសថសម្រួលអាការៈនេះផងដែរ ដោយវាគ្របដណ្តប់ និងសម្រួលដល់បំពង់អាហារ។ លើសពីនេះទៅទៀត អ្នកគួរកាត់បន្ថយការពត់ពែនខ្លួន និងរាល់ពេលដែលអ្នកទម្រេតខ្លួនសម្រាក ឬគេង អ្នកត្រូវកល់ខ្នើយប្រហែល ៦អ៊ីង (ប្រហែល១៥​ សង់ទីម៉ែត្រ)។ អ្នកក៏គួរបញ្ឈប់ការទទួលទានអាហារផ្សេងៗ យ៉ាងហោចណាស់ ២ ម៉ោងមុននឹង ចូលគេងដើម្បីឲ្យក្រពះទទេស្អាតពេលដែលអ្នកគេង។

ហើមពោះ

វិធីបង្ការ ៖
ដាក់កម្រិតចំពោះការទទួលទានអាហារដែលពិបាកនឹងរំលាយ ដូចជាផលិតផលទឹកដោះគោ ផលិតផលដែលមានជាតិផ្អែមសិប្បនិម្មិត និងបន្លែមួយ ចំនួនដូចជា សណ្តែក ផ្កាស្ពៃបៃតង ខ្ទឹមបារាំង និងស្ពៃក្តោប។ បន្លែទាំងនេះមានផ្ទុកនូវស្ករធម្មជាតិដែលភាសាបច្ចេកទេសហៅថា oligosachharide ដែលពិបាកនឹងបំបែក។ ម្យ៉ាងទៀត អ្នកក៏គួរចៀសវាងប្រភេទភេសជ្ជៈដែលមានជាតិហ្គាសផងដែរ ព្រោះវានឹងបង្កើតជាពពុះខ្យល់នៅក្នុងក្រពះរបស់ អ្នក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏គួរតែប្រុងប្រយ័ត្នចំពោះបរិមាណអំបិលដែលអ្នកទទួលទានផងដែរដោយសារមូលហេតុថាអំបិលបង្កើនជាតិទឹក ហេតុនេះហើយ បរិមានអំបិលក្នុងសារពាង្គកាយកាន់តែច្រើនបរិមាណទឹកក៏ច្រើនផងដែរ។

វិធីព្យាបាល ៖
ប្រើប្រាស់ Gas-X ឬ Mylanta Gas។ វាទាំងពីរមានផ្ទុកនូវសារធាតុផ្សំមួយដែលហៅថា Simethicone ដែលបំបែកពពុះខ្យល់។ អាហារដែលគួរ ទទួលទាន គឺអាហារដែលសម្បូរជាតិសរសៃដូចជាផ្លែប៉ោមជាដើម។ វាបង្កើនបរិមាណអាហារ និងអង្គធាតុរាវក្នុងពោះវៀនដែលអាចឲ្យអាហារធ្វើដំណើរ បានស្រួល។ លោកអ្នកក៏អាចទទួលទានទឹកតៃបៃតង ឬទឹក cranberry ។ ជម្រើសមួយផ្សេងទៀត អ្នកក៏អាចប្រើប្រាស់ Pepper mint capsule ដែលជាឱសថដែលត្រូវបានប្រើប្រាស់សម្រាប់បញ្ហាក្រពះផ្សេងៗ តាំងពីសម័យអេហ្ស៊ីបបុរាណ។ វាមានប្រសិទ្ធភាពក្នុងការសម្រួលដល់សាច់ដុំក្រពះក្នុង បំពង់អាហារ។  លំហាត់ប្រាណក៏ជាមធ្យោបាយមួយផងដែរ (តែត្រូវប្រាកដថាអ្នកមិនហាត់ប្រាណពេលដែលកំពុងឆ្អែត)។ ការធ្វើចលនាចុះឡើងជួយបញ្ចេញ ខ្យល់ ឬហ្គាសដែលលើសចេញពីប្រដាប់រំលាយអាហារ។ ម្យ៉ាងទៀតញើសដែលបែកចេញពេលដែលអ្នកធ្វើលំហាត់ប្រាណ អាចកម្ចាត់ទាំងជាតិអំបិល និងធាតុរាវដែលលើសដែលជួយឲ្យរាងកាយចៀសផុតពីហើម  ឬហើមពោះ។